ម្សិលមិញ...
អារម្មណ៍ខ្ញុំដែលទួញសោកចង់ជួបនាងកាលពីប៉ុន្មានថ្ងៃមុននោះ បានល្ហែល្ហើយខ្លះហើយ ព្រោះបំណងដែលចង់ជួបនោះ ក៏បានជួបហើយដែរ។ តែខ្ញុំនៅតែមិនអស់ចិត្តទេថា ហេតុអ្វីបាត់រូបនាងកាលពីប៉ុន្មានថ្ងៃមុននោះ? តើខ្ញុំត្រូវការដឹងមូលហេតុដើម្បីអ្វី? មានទាក់ទងអ្វីនឹងខ្ញុំ? ខ្ញុំមិនដឹងទេ!
ខ្ញុំអង្គុយសរសេរនៅទីនេះ អស់មួយកំណាត់ថ្ងៃ ទើបលេចមុខនាងមកដូចសព្វដង។ នាងដើរចុះ ដើរឡើងមិនឈប់។ ឃើញដូច្នេះ ខ្ញុំក៏កាន់សៀវភៅយកទៅអាននៅចន្លោះទូក្បែរនាង។ ខ្យល់ភាយពីម៉ាស៊ីនត្រជាក់ប៉ះកាយខ្ញុំ ហាក់មានសភាពត្រជាក់ប្លែកជាមួយនឹងក្លិនដ៏ចម្លែក។ ក្លិននេះដូចជាក្លិនប្រេងកូឡា! ខ្ញុំមិនប្រាកដក្នុងចិត្តទេ។ ខ្ញុំពិតជាបារម្ភណាស់ បារម្ភខ្លាចនាងឈឺ។ ខ្ញុំគិតក្នុងចិត្តថានឹងដើរទៅនិយាយសួរសុខទុក្ខនាងបន្តិច ដើម្បីឲ្យបានប្រាកដក្នុងចិត្ត។ ចិត្តមួយគិតបែបនេះ ឯចិត្តមួយទៀតបានមកគំរាមថា «ទេ! មិនបានទេ មិនបាច់ទៅបង្ហាញអារម្មណ៍ខ្វាយខ្វល់អីនោះទេ។» ចិត្តដ៏កំណាចមួយនេះ បានសង្កត់ចិត្តដ៏បរិសុទ្ធពេញដោយក្ដីស្រលាញ់របស់ខ្ញុំឲ្យរាបស្មើរកងើបមកតវ៉ាមិនបានឡើយ។ ឱ! ដួងចិត្តដ៏ឃោរឃៅអើយ ហេតុអ្វីអ្នកដាច់ធម៌មេត្តាម្ល៉េះ?
ខ្ញុំចង់តែពុះទ្រូងរូងយកបេះដូងខ្ញុំចេញមក ហើយយកកាំបិតវះមើល តើចិត្តដ៏ឃោរឃៅនោះលាក់នៅឯណា... ហេតុអ្វីក៏មានអំណាចខ្លាំងក្លាយ៉ាងនេះ? បើបានជាឲ្យខ្ញុំរកឃើញ ខ្ញុំនឹងកម្ទេចឲ្យខ្ទេច ឲ្យសមនឹងចិត្តខ្ញុំ ដែលកំពុងខ្លោចផ្សា។ ខ្ញុំបានត្រឹមអង្គុយស្ងៀម ប្រមូលអារម្មណ៍អានសៀវភៅ ជាមួយដួងចិត្តដែលកំពុងឆេះខ្លោច។ ខ្ញុំមិនដឹងទេថា ហេតុអ្វីសេចក្ដីស្រលាញ់ដ៏ធំធេងរបស់ខ្ញុំ បែរជាត្រូវគ្របដណ្ដប់ដោយចិត្តគ្មានមេត្តាទៅវិញ...។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីសេចក្ដីស្រលាញ់បែរជាត្រូវលាក់នៅពីក្រោយស្រោមមុខបិសាចអសុរកាយបែបនេះទៅវិញ...។ ដួងចិត្តដ៏បរិសុទ្ធរបស់ខ្ញុំ ទោះត្រូវបានសង្កត់ឲ្យរាបស្មើនៅក្នុងជម្រៅនៃបេះដូងទៅហើយ ក៏នៅតែមិនអាចស្ងប់បានឡើយ។ ចិត្តដ៏បរិសុទ្ធនោះ តែងរើខ្លួនត្រដរខ្យល់ចង់យល់ពីសុខទុក្ខរបស់នាង។ ទោះជាយ៉ាងណា ខ្ញុំបានជម្នះចិត្តដ៏ឃោរឃៅនោះទាំងក្ដីឈឺចាប់ បញ្ជាសម្បកកាយដែលស្ទើរតែគ្មានវិញ្ញាណនោះ ដើរចុះឡើងពីរ-បីដង ដើម្បីបានឃើញនាង។ សំឡេងផ្ទាត់សន្លឹកសៀវភៅជាសារសម្លេងនៃអារម្មណ៍ដ៏សម្ងាត់ដែលប្រាប់ឲ្យខ្ញុំដឹងថានាងកំពុងនៅក្បែរខ្ញុំ។ [/protect]
COMMENTS