នាងបាត់ស្រមោលឈឹងអស់មួយសប្ដាហ៍។ នាងទើបតែដាច់ចិត្តមកអើតបណ្ណាល័យម្សិលមិញនេះទេ។ ខ្ញុំលែងបារម្ភខ្លាចមិនបានជួបនាងដូចពីមុនទៀតហើយ។ ខ្ញុំមិនសូវព្រួយបារម្ភច្រើនដូចពីមុនទេ ពេលដែលគ្មានវត្តមាននាង។ ពេលខ្លះ នាងបាត់ដំណឹងឈឹងពីរសប្ដាហ៍ជាប់គ្នាក៏មាន។ វាក្លាយទៅជារឿងធម្មតាសម្រាប់ខ្ញុំទៅហើយ។ មួយរយៈចុងក្រោយនេះ នាងនិងខ្ញុំ... មិនដឹងថាគួរនិយាយបែបណានោះទេ។ ខ្ញុំបានក្បត់នឹងអារម្មណ៍ខ្លួនឯង។ ខ្ញុំធ្វើជាព្រងើយកន្តើយនឹងវត្តមានរបស់នាង។ នាងនិងខ្ញុំ មើលទៅដូចជាមនុស្សដែលមិនដែលស្គាល់គ្នាសោះអ៊ីចឹង។ សោះកក្រោះ... គ្មានសូម្បីតែស្នាមញញឹម។ ម្សិលមិញ ខ្ញុំដើរយកសៀវភៅទៅទុក ហើយខ្ញុំបានជួបនឹងនាង។ នាងមិនអើពើនឹងខ្ញុំ ហើយខ្ញុំក៏ធ្វើជាមិនអើពើនឹងនាងដែរ។ ខ្ញុំមិនដឹងទេថា សភាពបែបនេះនឹងបន្តទៅរហូតដល់ពេលណា? ខ្ញុំខានឃើញស្នាមញញឹមរបស់នាងយូរណាស់ហើយ។ ខ្ញុំចង់ឃើញស្នាមញញឹមរបស់នាងដូចកាលពីមុន។ ពេលខ្លះ ខ្ញុំគិតថា នាងបានរលុបបាត់ពីការចង់ចាំរបស់ខ្ញុំហើយ។ ពេលខ្លះទៀត ខ្ញុំគិតថា ខ្ញុំមិនអាចលុបនាងចេញពីការចងចាំរបស់ខ្ញុំទេ។ ខ្ញុំនឹកដល់ស្នាមញញឹមរបស់នាង... នឹករាល់សកម្មភាពទាំងឡាយរបស់នាង។
![]() |
- |
COMMENTS