លោក ហ្សង់-ហ្វ្រង់ស័រ តាន់ (Jean-François TAIN) កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកបានចាក...
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ (Jean-François TAIN) កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកបានចាកចេញពីកម្ពុជា ទៅនៅប្រទេសបារាំងនៅឆ្នាំ១៩៧៩ គឺនៅក្រោយពេលដែលរបបខ្មែរក្រហមបានរលំរលាយ។
ក្រោយពីបានសិក្សានៅវិទ្យាស្ថាននយោបាយ (Institut d'Edudes Politiqes ឬ Sciences Po) និង នៅវិទ្យាស្ថានបង្ហាត់បង្រៀនអ្នកសារព័ត៌មាន (Centre de Formation et de Perfectionnement des Journalistes) នៅទីក្រុងប៉ារីសរួចមក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានចូលធ្វើការជាអ្នកកាសែតនៅវិទ្យុបារាំងអន្តរជាតិ RFI នៅឆ្នាំ១៩៩៣ ដើមដំបូងនៅការិយាល័យនិពន្ធជាភាសាបារាំង និង ក្រោយមកទៀតនៅការិយាល័យនិពន្ធជាភាសាខ្មែរ នៅឆ្នាំ២០០២ ជានាយកកិច្ចការអាស៊ី នៅឆ្នាំ២០០៨ និងជាប្រធានគ្រប់គ្រងរាល់ការផ្សាយជាភាសាបរទេស នៅឆ្នាំ២០១០។
អ្នកសារព័ត៌មានរូបនេះ ក៏បានឆ្លៀតធ្វើការជា Consultant យ៉ាងមមាញឹកណាស់ដែរនារយៈពេលជិត២០ឆ្នាំចុងក្រោយនេះ។ ឆ្នាំ១៩៩៦ លោកបានមកបង្រៀននៅ CCI (Cambodia Communication Institute) នៅទីក្រុងភ្នំពេញ ហើយ នៅឆ្នាំ២០០០ លោកជា Consultant របស់វិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្រោយមកទៀត វិទ្យុ FRI បានបញ្ជូនលោកមកជួយបង្រៀនអ្នកសារព័ត៌មានវិទ្យុស្ត្រី វិទ្យុ VOD និង វិទ្យុវាយោ FM នៅភ្នំពេញ។
តាំងពីខែកញ្ញាឆ្នាំ២០១២មក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ត្រូវបានវិទ្យុបារាំងអន្តរជាតិ RFI បញ្ជូនមកធ្វើការជាប្រចាំនៅក្នុងភ្នំពេញដើម្បីបើកសាខា និង ដើម្បីពង្រីកការផ្សាយជាខេមរភាសានៃវិទ្យុបរទេសមួយនេះ នៅទូទាំងប្រទេសកម្ពុជា។
ដកស្រងចេញពីសៀវភៅ «មហាយក្សចិន»
COMMENTS