[protect] ខ្ញុំបានសម្រេចចិត្តថាឈប់សរសេរកំណត់ហេតុលើសៀវភៅនេះទៀតហើយ។ ខ្ញុំបានទាំងទិញសៀវភៅថ្មី ដើម្បីជំនួសសៀវភៅនេះទៀតផង។ ...
ផ្អាករឿងសៀវភៅប៉ុណ្ណឹងសិនចុះ!
ការពិត ខ្ញុំខានសរសេរពីអារម្មណ៍ខ្ញុំយូរហើយ។ ល្ងាចនេះ ខ្ញុំចង់យកអារម្មណ៍របស់ខ្ញុំដែលកប់ទុកក្នុងចិត្តជាយូរនោះមកបាចសាចចោលនៅទីនេះ។ ដឹងទេថា អារម្មណ៍ខ្ញុំពេលនេះវាមានសភាពបែបណា? អ្នកប្រាកដជាមិនដឹងនោះទេ!
ជួបមុខគ្នារាល់ថ្ងៃ តែដូចជានៅឆ្ងាយពីគ្នាណាស់អ៊ីចឹង! តើគួរធ្វើបែបណាទើបខ្ញុំអាចដឹងថា នាងគិតបែបណាចំពោះខ្ញុំ? ប្រហែលនាងចាត់ទុកខ្ញុំត្រឹមជាគូជម្លោះមនោសញ្ចេតនាម្នាក់ដែលគួរឲ្យស្អប់ប៉ុណ្ណោះ។ ខ្ញុំក៏មិនដឹងដែរថា ហេតុអ្វីក៏សេចក្ដីស្រឡាញ់របស់ខ្ញុំដែលមានចំពោះនាង ក្លាយទៅជាការស្អប់ខ្ពើមក្នុងចិត្តរបស់នាងបែបនេះទៅវិញ...។
កាលពីដំបូង ខ្ញុំគ្មានភាពសោកសៅអ្វីនឹងទង្វើរបស់នាងទេ។ ខ្ញុំតែងតែព្រួយបារម្ភពីសុខទុក្ខរបស់នាង ហើយលួចតាមមើលនាងគ្រប់សកម្មភាពជាមួយនឹងអារម្មណ៍នៃការយកចិត្តទុកដាក់ ដែលប្រកបដោយក្ដីស្រឡាញ់ដ៏ធំធេង។ ពេលវេលាចេះតែកន្លងទៅ ខ្ញុំចេះតែខំប្រឹងរកឱកាសដើម្បីបានស្គាល់នាង។ យើងក៏ធ្លាប់បានប្រាស្រ័យនិយាយគ្នាខ្លះមកហើយ តែពេលនេះ នាងបែរជាសម្ដែងកិរិយាដូចជាមិនដែលស្គាល់ខ្ញុំពីមុនមកសោះអ៊ីចឹង។ នាងធ្លាប់តែផ្ដល់ឲ្យខ្ញុំនូវស្នាមញញឹមដ៏គួរឲ្យស្រឡាញ់មិនអាចភ្លេចបាន តែពេលនេះនាងគ្មានស្នាមញញឹមសម្រាប់ផ្ដល់ឲ្យខ្ញុំទៀតទេ។ ពេលនេះ នាងសម្ដែងកិរិយាដូចជាស្អប់ខ្ញុំណាស់អ៊ីចឹង។ មិននិយាយនឹងខ្ញុំ មិនញញឹមដាក់ខ្ញុំ ហើយធ្វើមកលើខ្ញុំដូចជាខ្ញុំហ្នឹងជាសត្រូវស្លាប់រស់នឹងនាងអ៊ីចឹង។ ប្រហែលខ្ញុំគួរឲ្យស្អប់បែបហ្នឹងមែនហើយ!
នាងគិតបែបណាលើខ្ញុំ ក៏ខ្ញុំមិនខឹងនឹងនាងដែរ! ខ្ញុំនឹងនៅតែបារម្ភនិងយកចិត្តទុកដាក់ចំពោះនាងជានិច្ច។ ខ្ញុំនេះឆ្កូតពេកហើយ! ខ្ញុំទ្រាំនៅចាំនាង មិនហ៊ានត្រឡប់ទៅផ្ទះមុននាងនោះទេ។ ពេលខ្លះ ខ្ញុំត្រឡប់ទៅផ្ទះមុននាង ទាំងដែលអារម្មណ៍ខ្ញុំមិនដាច់ចិត្តពីនាង។
ម្សិលមិញ ខ្ញុំមកសាលាជ្រុលពេលបន្តិច។ ខ្ញុំអង្គុយនៅទីនេះដល់ល្ងាច ទើបដាច់ចិត្តត្រឡប់ទៅផ្ទះមុននាង ព្រោះខ្ញុំល្វើយពេក។ ដើរដល់ម៉ូតូ ប្រុងនឹងជិះទៅផ្ទះទៅហើយ ខ្ញុំក៏ផ្លាស់ប្ដូរចិត្តវិញ។ អូ! ម៉ូតូដែលចតជាប់នឹងម៉ូតូខ្ញុំនេះដូចជាធ្លាប់ស្គាល់... អូ! វាជាម៉ូតូរបស់នាង។ ខ្ញុំក៏មិនសូវប្រាកដក្នុងចិត្តដែរ។ ខ្ញុំទាញទូរស័ព្ទមកកត់ស្លាកលេខម៉ូតូទុក ហើយអង្គុយចាំមើលថា តើម្ចាស់ម៉ូតូនោះជានរណា? ចុងក្រោយខ្ញុំក៏ទទួលបានចម្លើយយ៉ាងច្បាស់ផ្ទាល់នឹងភ្នែកថា វាជាម៉ូតូរបស់នាង។
ល្ងាចនេះ ខ្ញុំមានការប្រឡងបញ្ចប់លើមុខវិជ្ជាមួយ។ ខ្ញុំឆ្លើយសំណួរដែលគ្រូដាក់ឲ្យបានចប់សព្វគ្រប់មុនម៉ោងកំណត់។ ខ្ញុំបានការអនុញ្ញាតពីលោកសាស្ត្រាចារ្យសម្រាកមុនពេលកំណត់ ហើយខ្ញុំក៏ប្រញាប់ប្រញាល់មកទីនេះ។ ខ្ញុំបានជួបនឹងនាងតាមផ្លូវដែលខ្ញុំដើរមកទីនេះ។ ខ្ញុំឃើញនាងភ្លាម ខ្ញុំញញឹមដាក់នាងភ្លែត។ ចំណែកនាងវិញ កុំថាឡើងញញឹមដាក់ខ្ញុំ សូម្បីតែមុខខ្ញុំក៏នាងមិនមើលផង។ មកដល់ខាងក្នុងនេះ យើងជួបគ្នាម្ដងទៀត តែគ្មានអ្វីប្រែប្រួលទេ គឺយើងធ្វើដូចជាមនុស្សមិនដែលស្គាល់គ្នាសោះអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ... ពេលជួបខ្ញុំ នាងសម្ដែងអាកប្បកិរិយាដូចជាបានជួបនឹងសត្រូវដែលមានគំនុំរយជាតិអ៊ីចឹង។
ណ្ហើយ! សរសេរប៉ុណ្ណឹងបានហើយ។ ទោះសរសេរទៀតក៏នាងនៅតែមិនយល់ពីអារម្មណ៍របស់ខ្ញុំដែលមានចំពោះនាងដែរ។
អឺ! ទៅផ្ទះហើយណា... [/protect]
COMMENTS