សាកស្រមៃទៅរកអតីតកាលបន្តិច ហើយភ្ជាប់រឿងដែលបានកើតឡើងក្នុងថ្ងៃនេះទៅនឹងខ្លួនខ្ញុំកាលពីមុន...។ ខ្ញុំគិតថា ខ្ញុំអាចនឹងមា...
ប៉ុន្មានថ្ងៃនេះ ខ្ញុំបានចេញទៅខាងក្រៅជាច្រើនកន្លែង ហើយជួបនិងមនុស្សថ្មីៗក៏ច្រើនដែរ។ ពេលខ្ញុំបានជួបមនុស្សថ្មីៗច្រើនបែបនេះ ធ្វើឲ្យខ្ញុំគិតថា លើលោកនេះនៅមានមនុស្សល្អជាច្រើន។ មនុស្សខ្លះដែលអ្នកផងសម្គាល់ថាជាមនុស្សអាក្រក់នោះក៏មិនមែនជាមនុស្សអាក្រក់អ្វីនោះទេ គ្រាន់តែគេខ្លះខាតសេចក្ដីល្អ។ យើងមិនគួរខឹងប្រទូសនឹងមនុស្សទាំងនោះឡើយ។ ការពិត យើងគួរបង្អោនចិត្តក្នុងសេចក្ដីមេត្តា អាណិតអាសូរ ឲ្យអភ័យដល់ជនទាំងនោះ។ យើងមិនគួរយកចិត្តទៅគិតខឹងនឹងបុគ្គលដែលខ្វះសេចក្ដីល្អនោះឡើយ។ ផ្ទុយទៅវិញ យើងគួរយកចិត្តយកពេលវេលាទៅគិតទៅធ្វើរឿងល្អៗជាច្រើនដែលកំពុងរង់ចាំយើង។ ពេលវេលាដ៏មានតម្លៃក្នុងជីវិតរបស់យើងមិនគួរអស់ទៅដោយការក្រោធខឹងនឹងអ្នកដទៃឡើង។ រឿងល្អមានច្រើនសន្ធឹក ហើយមនុស្សល្អក៏មានច្រើនមិនខ្វះដែរ។ គួរយើងចំណាយពេលជាមួយរឿងល្អៗនិងមនុស្សល្អៗ ជាជាងចំណាយពេលជាមួយមនុស្សដែលខ្វះសេចក្ដីល្អអស់ទាំងនោះ។
ជួបរឿងថ្ងៃនេះ ធ្វើឲ្យខ្ញុំគិតទៀតថា នៅលើលោកនេះទោះមនុស្សដែលគេសម្គាល់ថាជាបុគ្គលអាក្រក់ប៉ុណ្ណា ក៏គេនៅតែមានចំណុចល្អខ្លះដែលអាចឲ្យយើងឃើញបាន គឺថា សេចក្ដីល្អនៅតែមានក្នុងមនុស្សគ្រប់រូប គ្រាន់តែមានតិចឬច្រើនផ្សេងៗគ្នា។ ខ្ញុំនៅតែជឿថា មនុស្សមិនបាត់បង់នូវក្ដីមេត្តាទេ គ្រាន់តែពេលខ្លះ គេមានហេតុផលឬទុកលំបាករបស់គេក្នុងការដែលត្រូវទុកចោលក្ដីមេត្តាមួយឡែកសិន ហើយសម្រេចចិត្តប្រព្រឹត្តអំពើឆ្គាំឆ្គងផ្សេងៗ។ បើគ្រាន់តែដើម្បីចិត្តជីវិតនេះឲ្យបានរស់ វាមិនលំបាកដល់ថ្នាក់ទៅបៀតបៀនបំពានអ្នកដទៃឡើង។ ប៉ុន្តែ មនុស្សដោយច្រើនផុងខ្លួនក្លាយជាទាសៈនៃកិលេស ហើយគេក៏ត្រូវជាប់ភារៈយ៉ាងធ្ងន់ដើម្បីបម្រើកិលេសដ៏ឃោរឃៅនោះ។ គេត្រូវតែបៀតបៀនបំពានអ្នកដទៃ ដើម្បីចិញ្ចឹមកិលេស ដែលជាចៅហ្វាយនាយដ៏មហាអាក្រក់។ គិតៗទៅ ពួកគេសុទ្ធតែជាជនរងគ្រោះ ដែលត្រូវកិលេសសង្កត់កជាប់ បញ្ជាខ្លះ បោកខ្លះ ទាំងមិនបានដឹងខ្លួន។ ពួកគេពិតជាគួរឲ្យអាណិតខ្លាំងណាស់។ និយាយបែបនេះ សួរថា ខ្ញុំជាបុគ្គលអស់កិលេសហើយឬ? ទេ! ខ្ញុំក៏ជាមនុស្សដែលមានកិលេសដែរ។ ខុសគ្នាត្រង់ថា ខ្ញុំនៅមានស្មារតីខ្លះ គ្រាន់ជាការហាមឃាត់ខ្លួនឯងឲ្យចៀសឆ្ងាយពីការបៀតបៀនអ្នកដទៃ គឺថា មានស្មារតីនឹងលះហ្នឹងឯង។
សូមឲ្យលោកនេះពេញពោរដោយសេចក្ដីមេត្តា!
សូមមនុស្សសត្វទាំងឡាយកុំបីមានពៀរវេរានឹងគ្នាឡើយ!
COMMENTS