ល្ងាចនេះ ខ្ញុំនឹងចំណាយពេលបន្តិច ដើម្បីសរសេររៀបរាប់ខ្លះៗអំពីសៀវភៅដែលខ្ញុំបានអានក្នុងឆ្នាំ២០២៤ គិតត្រឹមដើមខែសីហានេះ។ មួយរ...
ក្នុងឆ្នាំ២០២៣ ខ្ញុំបានអានសៀវភៅសរុបទាំងអស់ចំនួន ២៦ ក្បាល។ សម្រាប់ឆ្នាំ២០២៤នេះ មកដល់ខែសីហាទៅហើយ ខ្ញុំទើបតែអានសៀវភៅបានចំនួន ៦ ក្បាល។ វាជាចំនួនតិចតួចណាស់ បើប្រៀបធៀបនឹងសៀវភៅដែលខ្ញុំបានអានកាលពីឆ្នាំកន្លងទៅ។ ការណ៍នេះបណ្ដាលមកពីបញ្ហាដែលខ្ញុំមិនបានរៀបចំនិងអនុវត្តផែនការការងារឲ្យបានល្អត្រឹមត្រូវ។ វាក៏បណ្ដាលមកពីបញ្ហាផ្នែកផ្លូវអារម្មណ៍ខ្លះៗដែលកើតមានស្របពេលដែលខ្ញុំត្រូវរៀបចំសរសេរកិច្ចការនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ខ្ញុំ។ ដោយសារបញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការអានសៀវភៅក្នុងឆ្នាំនេះ។ សៀវភៅស្ទើរតែទាំងអស់ដែលខ្ញុំបានយកមកអាន ជួនកាលត្រូវទុកចោលអស់ជាច្រើនសប្ដាហ៍ ទើបខ្ញុំអាចរៀបចំពេលវេលានិងប្រមូលអារម្មណ៍មកបន្តអានឡើងវិញឲ្យចប់បាន។ ខ្ញុំនឹងបន្តរៀបរាប់យ៉ាងខ្លីៗបន្តិចទៀតអំពីសៀវភៅដែលខ្ញុំបានអានក្នុងរយៈពេលប៉ុន្មានខែមកនេះ។
សៀវភៅទី១ ដែលខ្ញុំបានយកមកអានក្នុងឆ្នាំ២០២៤នេះ គឺសៀវភៅ Why Has Nobody Told Me This Before? និពន្ធដោយលោកស្រីបណ្ឌិត Julie Smith <4-star book>។ ខ្ញុំបានស្គាល់លោកស្រី និងឃើញសៀវភៅនេះជាលើកដំបូងតាមរយៈ Channel YouTube របស់លោកស្រី។ សៀវភៅនេះជាសៀវភៅបែបចំណេះដឹងមូលដ្ឋាននិងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត។ មួយរយៈមុនក៏ខ្ញុំបានអានសៀវភៅបែបនេះជាបន្តបន្ទាប់មកដែរ តែខ្ញុំច្បាស់ក្នុងចិត្តថា កំលុងពេលដែលខ្ញុំកំពុងអាននោះ ខ្ញុំពុំស្ថិតនៅក្នុងស្ថានភាពនៃការត្រូវការជំនួយដើម្បីដោះស្រាយបញ្ហាផ្លូវអារម្មណ៍ឬផ្លូវចិត្តអ្វីនោះទេ។ តែមកដល់ពាល់កណ្ដាលឆ្នាំ២០២៣ រហូតមក ខ្ញុំហាក់ត្រូវការជំនួយនិងចំណេះដឹងបន្ថែមទៀតអំពីសុខភាពផ្លូវចិត្ត ព្រោះខ្ញុំចាប់អារម្មណ៍ឃើញថា ចាប់ពេលពេលនោះមក បើមិនច្រើនក៏ខ្លះៗដែរដែលអារម្មណ៍របស់ខ្ញុំត្រូវបានរងការប៉ះពាល់ដោយរឿងរ៉ាវប្រចាំថ្ងៃផ្សេងៗដែលខ្ញុំបានជួបជាបន្តបន្ទាប់។ ហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្តយកសៀវភៅនេះមកអាន។ ខ្ញុំបានទិញសៀវភៅនេះពីហាងសៀវភៅ Bookaholic Cambodia តាំងពីដើមខែតុលា ឆ្នាំ២០២៣។ ពេលទទួលបានសៀវភៅមកភ្លាម ខ្ញុំចង់អានសៀវភៅនេះក្នុងពេលនោះដែរ តែមិនបានអានសៀវភៅនេះភ្លាមទេ ដោយជាប់រវល់ជាមួយការងារ និងរវល់ជាប់អានសៀវភៅសៀវភៅផ្សេងៗទៀត។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តឆ្លងឆ្នាំជាមួយសៀវភៅមួយក្បាលនេះ គឺថា ខ្ញុំយកសៀវភៅនេះមកអាននៅក្នុងយប់ឆ្លងឆ្នាំ នៅឯស្រុកកំណើត។ ក្រោយពីនោះមក ខ្ញុំបានចំណាយពេលអានសៀវភៅនេះជាបន្តបន្ទាប់ ដោយចំណាយពេលអស់ប្រហែល ១៦ ម៉ោង ទើបខ្ញុំអានអានសៀវភៅនេះចប់។
សៀវភៅទី២ គឺសៀវភៅ Being Happy និពន្ធដោយលោក Matthews Andrew <5-star book> ដែលជាសៀវភៅដែលខ្ញុំចូលចិត្តជាងគេ ក្នុងចំណោមសៀវភៅទាំង ៦ ក្បាលដែលខ្ញុំបានអាននាពេលកន្លងមកក្នុងឆ្នាំ២០២៤នេះ។ សៀវភៅនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយ និងរសាយអស់ទុក្ខកង្វល់ជាច្រើន។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អៗច្រើនឡើងវិញដោយសារសៀវភៅមួយក្បាលនេះ។ ជឿខ្ញុំទៅ សៀវភៅនេះជាសៀវភៅដ៏ល្អ ដែលអ្នកគ្រប់គ្នាគួរអាន។ ដោយសារសៀវភៅនេះជាសៀវភៅដែលល្អខ្លាំងណាស់ អ៊ីចឹងហើយខ្ញុំមិនចាំបាច់រៀបរាប់ច្រើនទេ ទុកឲ្យអ្នកទាំងអស់គ្នាចំណាយពេលអានស្វែងយល់ដោយខ្លួនឯងចុះ។
សៀវភៅទី៣ គឺសៀវភៅ Keep Going និពន្ធដោយលោក Austin Kleon។ ខ្ញុំបានស្គាល់សៀវភៅនេះតាមរយៈវីដេអូ YouTube និងការបង្ហោះរូបក្របសៀវភៅក្នុងបណ្ដាញសង្គម Facebook។ ដោយសារក្រោយពេលដែលអារម្មណ៍របស់ខ្ញុំត្រូវបានរងការប៉ះពាល់ដោយរឿងរ៉ាវប្រចាំថ្ងៃផ្សេងៗមក ខ្ញុំហាក់លែងចង់បន្តធ្វើអ្វីដែលខ្ញុំធ្លាប់ចូលចិត្តធ្វើពីមុនមក ហេតុនោះហើយទើបខ្ញុំសម្រេចចិត្តយកសៀវភៅនេះមកអាន។
សៀវភៅទី៤ គឺសៀវភៅ Eat Move Sleep និពន្ធដោយលោក Tom Rath។ ក្រោយពីជួយបញ្ហាជាបន្តបន្ទាប់មក ខ្ញុំកាន់តែយកចិត្តទុកដាក់លើសុខភាព ទាំងផ្លូវចិត្តនិងផ្លូវកាយ។ កាលពីដំបូង ខ្ញុំគិតថា អ្នកនិពន្ធសៀវភៅនេះជាជនជាតិខ្មែរ តែការពិតលោកមិនមែនជាជនជាតិខ្មែរនោះទេ។ បើបានអានសៀវភៅនេះ យើងនឹងកាន់តែយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់យើងទ្វេឡើង។ ជាពិសេសគឺការគិតគូរយ៉ាងខ្លាំងក្លាលើអាហារដែលយើងបរិភោគ រហូតពេលខ្លះខ្ញុំយល់ថា ការរៀបរាប់ក្នុងសៀវភៅនេះ ជាការគិតគូរខ្លាំងជ្រុលពេកទៀតផង។
សៀវភៅទី ៥ គឺសៀវភៅ The 5 Love Languages និពន្ធដោយលោក Gary Chapman <4-star book>។ សៀវភៅនេះក៏ជាសៀវភៅមួយក្បាលដែលខ្ញុំចូលចិត្តដែរ បន្ទាប់ពីសៀវភៅ Being Happy។ ខ្ញុំធ្លាប់បានស្គាល់សៀវភៅនេះជាយូរមកហើយ តែទើបតែមានឱកាសបានអានសៀវភៅនេះ។ ខ្ញុំចំណាយពេលប្រហែល ១១ ម៉ោង ទើបអានសៀវភៅនេះចប់។
សៀវភៅទី ៦ គឺសៀវភៅ How to Break Up With Your Phone និពន្ធដោយលោកស្រី Catherine Price។ ដោយសារមួយរយៈចុងក្រោយនេះខ្ញុំបានចំណាយពេលច្រើនជាមួយទូរសព្ទ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តយកសៀវភៅនេះមកអាន។ ដំបូង ខ្ញុំស្មានតែអ្នកនិពន្ធសៀវភៅនេះជាបុរស តែដល់អានចប់ទើបដឹងថា អ្នកនិពន្ធជាស្រីទៅវិញទេ។ ខ្ញុំទុកសៀវភៅនេះចោលអស់ពេលជាច្រើនខែ ហើយទើបតែបានអានបញ្ចប់នៅដើមខែសីហានេះ។ ក្រោយពីអានសៀវភៅនេះចប់ ខ្ញុំគិតថា ខ្ញុំនឹងផ្អាកអានសៀវភៅបន្តិចសិន ដោយត្រូវទុកពេលវេលាដោះស្រាយការងារនិងបញ្ហាដែលនៅសេសសល់។ តែវាក៏ដូចកាលពីពេលមុនៗដែរ គឺថា ខ្ញុំមិនអាចផ្អាកអានសៀវភៅបាននោះទេ។ ព្រឹកមិញខ្ញុំបានបន្តអានសៀវភៅជាបន្តទៀត ហើយសៀវភៅដែលខ្ញុំកំពុងអាននោះគឺសៀវភៅ "វិធីនិយាយជាមួយកូនវ័យជំទង់" ស្នាដៃដើមរបស់បណ្ឌិត Haim Ginott ហើយត្រូវបានបកប្រែមកជាភាសាខ្មែរដោយលោក ប្រាជ្ញ សម្បត្តិ។
ខ្ញុំសរសេររៀបរាប់ប៉ុណ្ណឹងសិនចុះ។ ជួបគ្នាពេលក្រោយទៀត!
១៣ សីហា ២០២៤ ម៉ោង ៨:៣១នាទីយប់
COMMENTS