១ មិថុនា ២០២៥ «បូកសរុបការងារក្នុងខែឧសភា និងសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែឧសភា» ថ្ងៃនេះជាខួបប្រាំឆ្នាំនៃការចូលបម្រើការងារក្នុងវិស័យសាធារណៈរបស់...
ថ្ងៃនេះជាខួបប្រាំឆ្នាំនៃការចូលបម្រើការងារក្នុងវិស័យសាធារណៈរបស់ខ្ញុំ ។ ម្សិលមិញ ខ្ញុំបានរៀបចំការងារខ្លះ ៗ សម្រាប់ខែថ្មី និងសម្រាប់ការងារជាបន្តទៅមុខទៀត ។ រយៈពេលប្រាំឆ្នាំ ហាក់បីដូចជាពេលត្រឹមតែមួយពព្រិចភ្នែក ហើយខ្ញុំបានរៀនសូត្រជាច្រើនក្នុងរយៈពេលប្រាំឆ្នាំនេះ ។ បើនិយាយពីការរៀនសូត្រ វាគឺជារឿងដ៏វែងឆ្ងាយមួយដែលខ្ញុំបានឆ្លងកាត់ ។ តែពេលនេះ ខ្ញុំនឹងមិនរៀបរាប់ពីរឿងទាំងនោះទេ ។ ថ្ងៃនេះ ខ្ញុំមកបូកសរុបការងារដែលបានធ្វើនិងសៀវភៅដែលខ្ញុំបានអានចប់កាលពីខែឧសភាកន្លងទៅនេះ ។
ក្នុងខែឧសភានេះ ខ្ញុំបានចំណាយពេលយ៉ាងច្រើនលើការរៀបចំ Blog ឡើងវិញ ដែលជាការងារដែលខ្ញុំបន្តធ្វើជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ។ ការអនុវត្តការងារហាក់មានភាពមិនសូវល្អប្រសើរនោះទេ ។ កាលវិភាគនិងផែនការការងារផ្សេងៗ ត្រូវទុកចោល ហើយជំនួសមកវិញដោយការអនុវត្តការងារដោយសេរី គ្មានការគ្រោងទុក គ្មានរបៀបវិន័យអ្វីនោះទេ ។ កំលុងពេលនេះ ខ្ញុំបានព្យាយាមរៀបចំការអនុវត្តការងារឡើងវិញដែរ (ដូចជាថ្ងៃទី ៦ ជាដើម) តែអ្វី ៗ ហាក់មិនបានត្រលប់ទៅរកភាពល្អប្រសើរសោះ ។ ខ្ញុំបានបន្តអនុវត្តការងារដោយគ្មានរបៀបវិន័យជាបន្តបន្ទាប់ រហូតដល់ចុងខែ គឺថ្ងៃម្សិលមិញនេះ ខ្ញុំបានខិតខំរៀបចំការអនុវត្តការងារឡើងវិញ ស្របតាមគោលការណ៍និងផែនការចាស់ ៗ ដែលខ្ញុំធ្លាប់បានរៀបចំនាពេលកន្លងមក ។ នៅថ្ងៃទី ១១ ខ្ញុំបានចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅវត្តនិគ្រោធវ័ន គល់ទទឹង ។ ក្នុងខែឧសភានេះ (បូករួមទាំងមួយរយៈចុងក្រោយនេះ) កុសលធម៌ទាំងឡាយស្រកស្រុតចុះ ហើយអកុសលទាំងឡាយកើនកើតឡើងជារឿយ ៗ ។ ចិត្តតែងត្រាច់ទៅតាមអារម្មណ៍នៃរាគៈដោយច្រើន ។
ឯសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែឧសភានេះមានចំនួន ៧ ក្បាល រួមមាន ៖
• សៀវភៅ «នរណាជាប្រធាន? Who is the boss?»
• សៀវភៅ «ប្រវត្តិព្រះសក្យមុនីចេតិយ៍»
• សៀវភៅ «ឃរាវាសធម៌» (អ៊ឹម រ៉ៃយ៉ា) <5-star book> [ទាញយកពី ៥០០០ ឆ្នាំ]
• សៀវភៅ «Daily Habit Make Over: Beat Procrastination, Get More Productive, Focus Better, and Become Healthier in Body and Mind» (By Zoe Mckey)
• សៀវភៅ «នាមប្បញ្ញត្តិ» [ទាញយកពី ៥០០០ ឆ្នាំ]
• សៀវភៅ «ប្រស្នាគិហិប្រតិបត្តិពិស្ដារ» (ឈឹម ទូច និង សុង ស៊ីវ) <5-star book> [ទាញយកពី ៥០០០ ឆ្នាំ]
• សៀវភៅ «បទសិក្សាខ្លី ៗ ស្មារតីជីវិត» (ប៊ុត សាវង្ស) <5-star book> [ទាញយកពី ៥០០០ ឆ្នាំ]
ក្នុងខែមិថុនានេះ ខ្ញុំនឹងរៀបចំការអនុវត្តការងារប្រចាំថ្ងៃឡើងវិញ មិនបន្តអនុវត្តការងារដោយគ្មានរបៀបវិន័យទៀតនោះទេ ។ យប់មិញ ខ្ញុំបានរៀបចំកាលវិភាគសម្រាប់ឧបោសថសីល ឡើងវិញ ។ ខ្ញុំនឹងយកចិត្តទុកដាក់លើការងារចម្រើននូវកុសលធម៌ និងគ្របសង្កត់អកុសលធម៌ឡើងវិញ ។ ខ្ញុំនឹងបន្តរៀបចំការងារសារណាដែលនៅសេសសល់ និងជំរុញការងារនេះឲ្យបានឆាប់រួចរាល់តាមដែលអាចធ្វើទៅបាន ។ ខ្ញុំនឹងបន្តធ្វើទៀតនូវការងាររៀបចំផែនការបន្ត និងកិច្ចការងាររៀបចំ Blog ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសម្រេចបាននូវការងារដែលបានគ្រោងទុកនេះយ៉ាងល្អប្រសើរ ។
ម៉ោង ៧:៣៤ នាទី ព្រឹក
COMMENTS