$h: Links

$h: Hero Section $show=home$hide=page

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home$hide=page

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read More...

ករណី​សិក្សា៖ បារាំងសែស​និយាយ​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​លក្ខណៈ​មិន​ផ្លាស់ប្ដូរ

SHARE:

ករណី​សិក្សា៖ បារាំងសែស​និយាយ​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​លក្ខណៈ​មិន​ផ្លាស់ប្ដូរ

ប្រធានបទ៖ "បារាំងសែស​និយាយ​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​លក្ខណៈ​មិន​ផ្លាស់ប្ដូរ"

ខ្មែរ​ជា​ជាតិ​ចំណាស់​មួយ ដែល​មាន​ប្រវត្តិ​ដ៏​ល្អ​ផូរផង់​តាំងពី​យូរលង់​ណាស់​មក​ហើយ។ ខ្មែរ​ជា​ជាតិ​ដែល​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​បាន​ខិតខំ​ប្រឹងប្រែង​កសាង​បាន​នូវ​សមិទ្ធផល​ជាច្រើន ស្រប​ទៅ​តាម​សម័យកាល​នៃ​ការ​វិវត្ត​របស់​ខ្លួន។ ការ​សម្រេច​បាន​នូវ​សមិទ្ធផល ភាព​ជោគជ័យ និង​ការ​អភិវឌ្ឍ​ទាំងឡាយ បាន​បង្ហាញ​ឲ្យ​អ្នក​សិក្សា​នានា​បាន​ដឹង​យ៉ាង​ច្បាស់​ថា ខ្មែរ​ជា​ជាតិ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ទាំង​លើ​ការ​ដឹកនាំ ការ​ការពារ និង​ការ​អភិវឌ្ឍ​ជាតិ។ ខ្មែរ​បាន​ឆ្លងកាត់​របត់​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​ប្រកប​ដោយ​ភាព​គ្រោះថ្នាក់​និង​ឧបសគ្គ។ ទោះ​ជា​យ៉ាងណាក៏ដោយ ខ្មែរ​នៅ​តែ​មាន​សមត្ថភាព​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ក្នុង​ការ​ថែរក្សា​ការពារ​ជាតិ​ឲ្យ​បាន​រួចផុត​ពី​ហាយនភាព ហើយ​សម្រេច​បាន​មកវិញ​នូវ​ការ​បង្រួបបង្រួម​ជាតិ​និង​ការ​អភិវឌ្ឍ​ជាបន្តបន្ទាប់។ ស្នាម​ប្រវត្តិសាស្ត្រ​ទាំងឡាយ​នេះ ជា​ភស្តុតាង​យ៉ាង​ប្រត្យក្ស​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ខ្មែរ​ជា​ជាតិ​ដែល​មាន​សមត្ថភាព​និង​ចំណេះដឹង​ដ៏​សម្បូរ​បែប ដែល​អាច​ផ្លាស់ប្ដូរ​ស្ថានការណ៍​នៃ​បរិបទ​ប្រវត្តិសាស្ត្រ​នានា​ឲ្យ​លុះ​ក្នុង​ជោគជ័យ​ប្រវត្តិសាស្ត្រ ពោល​គឺ​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សម្រាប់​ជាតិ។ ការណ៍​នេះ ជា​ភាព​ពិត​យ៉ាង​ប្រត្យក្ស​នៃ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​បារាំងសែស​ក្នុង​អំឡុង​សតវត្សរិ៍​ទី១៩​និង​ទី២០។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​អំឡុង​សតវត្សរិ៍​ទី១៩​និង​ទី២០ បារាំងសែស​បាន​លើក​ឡើង​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​មាន​លក្ខណៈ​មិន​ប្រែប្រួល។ ក្នុង​ន័យ​នេះ បារាំងសែស​បាន​ចាត់​ទុក​ខ្មែរ​ជា​ជាតិ​ដែល​គ្មាន​ការ​ផ្លាស់ប្ដូរ ពោល​គឺ​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា។ ដោយ​ការ​លើក​ឡើង​របស់​បារាំងសែស​មាន​ភាព​ខ្វះ​ចន្លោះ ដែល​ផ្ទុយ​ពី​លំអាន​ប្រត្យក្ស​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ ការ​លើក​ឡើង​នេះ​គួរ​ត្រូវ​បាន​ពិនិត្យ​និង​ពិចារណា​ឡើង​វិញ​ឲ្យ​បាន​ល្អិតល្អន់។ ក្នុង​នាម​ជា​យុវជន​ខ្មែរ​និង​ជា​អ្នក​សិក្សា​ជំនាន់​ក្រោយ​មួយ​រូប ខ្ញុំ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ការ​លើក​ឡើង ដែល​ប្រកប​ដោយ​ការ​សង្កេត​មិន​សព្វ​ជ្រុងជ្រោយ​នេះ។ ដើម្បី​បាន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ទស្សនៈ​អវិជ្ជមាន ប្រកប​ដោយ​ភាព​ខ្វះ​ចន្លោះ​របស់​បារាំងសែស​នេះ ខ្ញុំ​នឹង​លើក​យក​គំនិត​យល់​ឃើញ​នេះ​មក​ពិនិត្យ​និង​ពិភាក្សា​វែកញែក ដោយ​យោង​ទៅ​តាម​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​ជា​ទឡ្ហីករណ៍។ ដោយ​ពិត​ទៅ លោកដេវិឌ ឆាណ្ឌល័រ ក៏​បាន​បង្ហើប​ខ្លះៗ​រួចស្រេច​មក​ហើយ​ក្នុង​សៀវភៅ​របស់​លោក (សៀវភៅ ប្រវត្តិសាស្ត្រ​ខ្មែរ) ស្ដី​អំពី​ការ​លើក​ឡើង​នេះ។ លោក​បាន​លើក​ឡើង​ថា ទស្សនៈ​យល់​ឃើញ​នេះ​ជា​ទស្សនៈ​ពុំ​សមស្រប ពោល​គឺ​ការ​យល់​ឃើញ​នេះ​បាន​បំភ្លេច​ចោល​នូវ​ភស្តុតាង​ជាច្រើន ដែល​លោក​អះអាង​ថា ខ្មែរ​បាន​ផ្លាស់ប្ដូរ​ជា​លើក​ទី៥​ហើយ បើ​គិត​មក​ត្រឹម​បដិវត្ត​ឆ្នាំ១៩៧០។ ដោយ​អនុលោម​ទៅ​តាម​ការ​បែងចែក​នៃ​ការសិក្សា​លើ​ប្រធានបទ ខ្ញុំ​សុំ​លើក​យក​តែ​ភស្តុតាង​និង​តម្រុយ​ប្រវត្តិសាស្ត្រ​នា​សម័យ​មុន​អង្គរ​ប៉ុណ្ណោះ មក​សិក្សា​ផ្សារភ្ជាប់​នឹង​ការ​លើក​ឡើង​នេះ ដើម្បី​បាន​ជា​ប្រយោជន៍​និង​គតិ​សម្រាប់​អ្នក​សិក្សា​ជំនាន់​ក្រោយៗ​ទៀត។ ក្នុង​ការ​សិក្សា​លើ​ប្រធានបទ​នេះ ខ្ញុំ​នឹង​ពិនិត្យ​ទៅ​លើ​វប្បធម៌​និង​សង្គម​ធម៌​ខ្មែរ នា​សម័យ​មុន​អង្គរ រួច​ពិភាក្សា​លើ​បញ្ហា​នេះ​ទៅ​តាម​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​នា​សម័យនេះ ឆ្លុះបញ្ចាំង​និង​ឆ្លើយតប​ទៅ​នឹង​ទស្សនៈ​ដែល​បាន​លើក​ឡើង។

នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ពិនិត្យ​និង​សិក្សា​លើ​វប្បធម៌​ខ្មែរ​នា​ខាងដើម​នៃ​ប្រវត្តិសាស្ត្រ ភាព​មិន​ផ្លាស់ប្ដូរ​ដែល​ជា​ទស្សនៈ​លើក​ឡើង​របស់​បារាំងសែស​ត្រូវ​បាន​រលាយ​បាត់​ជា​បន្តបន្ទាប់។ តាមរយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ជាច្រើន​ដែល​កើត​មាន​នៅ​ប្រទេស​កម្ពុជា ហើយ​ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ជាច្រើន​បាន​កើត​ឡើង​តាំង​ពី​ដើម​គ្រិស្តសករាជ​មក​ម្ល៉េះ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​ល្មម​អាច​យក​មក​ធ្វើ​ជា​ទឡ្ហីករណ៍​បាន គឺ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា​មក​ក្នុង​ប្រទេស​កម្ពុជា នា​ដើម​គ្រិស្តសករាជ។ ព្រឹត្តិការណ៍​នេះ​ជា​ភស្តុតាង​មួយ​យ៉ាង​សំខាន់ ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ផ្លាស់ប្ដូរ​របស់​ខ្មែរ ស្ដីពី​ការ​ជ្រើសរើស​យក​វប្បធម៌​ថ្មី​មួយ​មក​អនុវត្ត ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ។ ការ​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ឥណ្ឌា​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ខ្មែរ​ដើម្បី​ភាព​រីកចម្រើន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ពី​ភាព​ឆ្លាតវៃ​របស់​ខ្មែរ ក្នុង​ការ​ជ្រើសរើស​យក​វប្បធម៌​ថ្មី​មក​កែច្នៃ ដើម្បី​បាន​ជា​ប្រយោជន៍​សម្រាប់​ជាតិ​ខ្លួន​ទៀត​ផង។ យើង​សង្កេត​ឃើញ​ថា ខ្មែរ​បាន​ជ្រើសរើស​យក​តែ​វប្បធម៌​ប្រពៃណី​ណា​ដែល​មាន​ភាព​សមស្រប​ទៅ​នឹង​វប្បធម៌​ខ្មែរ​ដែល​មាន​ស្រាប់​មក​អនុវត្ត។ ស្រដៀង​គ្នា​នេះ​ដែរ វប្បធម៌​ប្រពៃណី​ទាំងឡាយ​ដែល​ខ្មែរ​គ្មាន ជនជាតិ​ខ្មែរ​បាន​ទទួល​យក​មក​កែច្នៃ ដើម្បី​បាន​ជា​ទុន​ក្នុង​ការងារ​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ ពោល​គឺ​ដើម្បី​ភាព​ជោគជ័យ​និង​ការ​អភិវឌ្ឍ​ជាតិ។ ក្នុង​ន័យ​នេះ ខ្មែរ​បាន​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​ភាព​វិជ្ជមាន​សម្រាប់​ជាតិ។ ខ្មែរ​គ្រប់​រូប​ចាត់​ទុក​ថា​ការ​ទទួល​វប្បធម៌​ពី​ឥណ្ឌា ជា​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ។ ជា​ឧទាហរណ៍ ខ្មែរ​បាន​ជ្រើសរើស​យក​ភាសា សាសនា និង​សិល្បៈ ហើយ​បាន​បោះបង់ចោល​ប្រព័ន្ធ​វណ្ណៈ​បែប​ឥណ្ឌា ដែល​ខ្មែរ​យល់​ឃើញ​ថា​ជា​ការណ៍​ដែល​ពុំ​សមស្រប និង​ពុំ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ឲ្យ​ខ្មែរ។ ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្មែរ​មាន​លំអាន​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រកប​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដេក​ចាំ​ភាព​រីកចម្រើន​ពី​ភ័ព្វ​ព្រេងវាសនា​ឡើយ។

បើ​យើង​បន្ត​ពិនិត្យ​ទៅ​លើ​សង្គម​ធម៌​ខ្មែរ​នា​សម័យ​មុន​អង្គរ យើង​នឹង​ឃើញ​កាន់តែ​ច្បាស់​ទៀត​ពី​ការ​ផ្លាស់ប្ដូរ ប្រកប​ដោយ​ភាព​ឆ្លាតវៃ​របស់​ខ្មែរ។ វប្បធម៌​នៅ​តែ​ជា​គោល​ដ៏​សំខាន់​ក្នុង​ការ​សិក្សា​លើ​សង្គម​ធម៌​របស់​ខ្មែរ​នា​សម័យ​នោះ។ តាមរយៈ​ការ​សិក្សា​នានា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​វប្បធម៌​របស់​ខ្លួន​រួច​មក​ហើយ តាំង​ពី​មុន​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា។ អ្នក​សិក្សា​ហៅ​វប្បធម៌​នោះ​ថា វប្បធម៌​អូស្ត្រូអាស៊ី ឬ​វប្បធម៌​ខ្យល់​រដូវ។ ទម្រង់​នៃ​វប្បធម៌​ដើម​នេះ ផ្អែក​លើ​អ្នកតា (ព្រលឹង) ដែល​ខ្មែរ​នា​សម័យ​នោះ​ជឿ​ថា​ជា​អ្នក​ថែរក្សា និង​ជួយ​ឲ្យ​ដំណាំ​ផ្ដល់​ផល​យ៉ាង​ល្អ​ប្រសើរ។ ខឿន​វប្បធម៌​ដើម​របស់​ខ្មែរ​នេះ បាន​បណ្ដុះ​នូវ​ទិដ្ឋភាព​សង្គម​ធម៌​ផ្ទាល់​ខ្លួន​មួយ ដែល​មាន​លក្ខណៈ​ប្លែក​ពី​ក្រោយ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា។ ពេល​វប្បធម៌​ឥណ្ឌា​ហូរ​ចូល​មក​កម្ពុជា ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ខ្មែរ​បាន​ទទួល​យក​ឥទ្ធិពល​ព្រហ្មញ្ញសាសនា​និង​ព្រះពុទ្ធសាសនា​មក​ប្រតិបត្តិ។ បើ​យើង​ធ្វើ​ការ​ប្រៀបធៀប​ពី​ទិដ្ឋភាព​មុន​និង​ក្រោយ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា​មក​កម្ពុជា យើង​នឹង​ឃើញ​យ៉ាង​ជាក់ច្បាស់​ពី​សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ខ្មែរ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ការដឹកនាំ ពោល​គឺ​សង្គម​ធម៌​នេះឯង។ សាសនា​ទាំង​ពីរ​ដែល​ត្រូវ​បាន​ហូរ​ចូល​មក​កម្ពុជា បាន​ក្លាយ​ជា​កត្តា​ជំរុញ​មួយ​លើ​សង្គម​ធម៌​ខ្មែរ ដែល​ធ្វើ​ឲ្យ​ខ្មែរ​កសាង​បាន​នូវ​សមិទ្ធផល ភាព​ជោគជ័យ និង​ភាព​រីកចម្រើន​ជាច្រើន។ ខ្មែរ​បាន​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ ពោល​គឺ​ខ្មែរ​បាន​ឆ្នៃ​ទម្រង់ការ​របស់​ឥណ្ឌា​បូក​ផ្សំ​ជាមួយ​ខឿន​នៃ​ការ​ដឹកនាំ​សង្គម​របស់​ខ្លួន ប្រកប​ដោយ​ភាព​ប៉ិនប្រសប់។ ខ្មែរ​បាន​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ក្នុង​ការ​ទទួល​យក​ឥទ្ធិពល​ខាង​ព្រហ្មញ្ញសាសនា​យក​មក​អនុវត្ត​សម្រាប់​បាន​ជា​ប្រយោជន៍​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។ សម្រាប់​សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​លើ​ប្រជាជន គេ​សង្កេត​ឃើញ​ថា ខ្មែរ​បាន​យក​ការ​គោរព​លិង្គ​ព្រះឥសូរ​ដែល​បាន​មក​ពី​វប្បធម៌​ឥណ្ឌា​មក​ផ្សំ​និង​ការ​គោរព​អ្នកតា (ព្រលឹង) ដែល​មាន​ស្រាប់ បង្កើត​បាន​ជា​ប្រពន្ធ​ជំនឿ​ដ៏​រឹងមាំ សម្រាប់​បម្រើ​ឲ្យ​ការងារ​សេដ្ឋកិច្ច​ជាតិ។ ប្រព័ន្ធ​ជំនឿ​នេះ បាន​ពង្រឹង​នូវ​កិច្ច​ការងារ​ខាង​កសិកម្ម​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។ ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​ការ​ដឹកនាំ​ថ្នាក់​ជាតិ សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​លេច​ឡើង​តាមរយៈ​ការ​ផ្សារភ្ជាប់​ព្រះមហាក្សត្រ​ទៅ​នឹង​អាទិទេព ពោល​គឺ​ព្រះ​ឥសូរ​នេះ​ឯង។ បន្ថែម​លើ​នេះ​ទៀត នៅ​ក្នុង​សតវត្សរិ៍​ទី៨ គេ​ក៏​បាន​សង្កេត​ឃើញ​នូវ​សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ផង​ដែរ គឺ​ការ​ចាប់ផ្ដើម​រួបរួម​គ្នា​ផ្នែក​នយោបាយ។ ខ្មែរ​បាន​ផ្លាស់ប្ដូរ​ទម្រង់​នយោបាយ ដោយ​សម្រប​ទៅ​តាម​កំណើន​ប្រជាជន កំណើន​បច្ចេកទេស​ខាង​កសិកម្ម និង​ភាព​ជោគជ័យ​ក្នុង​សង្គ្រាម។ ខុស​ពី​របត់​នយោបាយ​សម័យ​មុន ដែល​តែងតែ​ប្រជែង​គ្នា ខ្មែរ​បាន​ប្រមូល​ផ្ដុំ​ក្សត្រ​បុរី​តូចៗ​ក្រោម​ឈ្មោះ​រួម​ថា ចេនឡា។ បម្រែបម្រួល​នៃ​របត់​ប្រវត្តិសាស្ត្រ​ទាំងនេះ​បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សញ្ញាណ​នៃ​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម​ខ្មែរ។

សរុប​មក ការ​លើក​ឡើង​របស់​បារាំងសែស ជា​ការ​លើក​ឡើង​ដែល​ពុំ​សមស្រប​ទេ។ ការ​លើក​ឡើង​នេះ ជា​ការ​លើក​ឡើង​ប្រកប​ដោយ​ភាព​ខ្វះខាត ដែល​ឃ្លាត​ចាក​ពី​ការពិត។ ការ​លើក​ឡើង​ថា ខ្មែរ​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា ហើយ​មិន​ផ្លាស់ប្ដូរ​បែបនេះ គួរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​លើក​ឡើង​ដែល​ខ្វះ​ការ​ពិនិត្យ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ។ ដោយ​សំអាង​លើ​អារ្យធម៌​នា​សម័យ​មុន​អង្គរ​តែ​ម៉្យាង ក៏​យើង​អាច​ឃើញ​ពី​ស្មារតី​ខិតខំ​ប្រឹងប្រែង​និង​ការ​ផ្លាស់ប្ដូរ​របស់​ខ្មែរ​ទៅ​ហើយ។ ក្នុង​នេះ​ដែរ ខ្មែរ​មិន​ត្រឹមតែ​មាន​តែ​ការ​ផ្លាស់ប្ដូរ​តែ​ម៉្យាង​នោះ​ទេ តែ​ខ្មែរ​ថែមទាំង​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ទៀត​ផង។ ដូចនេះ ខ្មែរ​ជា​ជាតិ​មួយ​ដែល​មាន​សមត្ថភាព ចំណេះដឹង និង​ភាព​ឆ្លាតវៃ​ក្នុង​ការ​កែប្រែ​ស្ថានការណ៍​នានា​ទៅ​តាម​ការ​វិវត្ត​នៃ​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួន ដោយ​មិន​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា​ដូច​ទស្សនៈ​ដែល​បារាំងសែស​បាន​លើក​ឡើង​ឡើយ។ ការ​លើក​ឡើង​របស់​បារាំងសែស ប្រហែល​ក្នុង​ទំនង​ដែល​ពួក​គេ​មើល​ឃើញ​ពី​ភាព​អត់ធ្មត់​របស់​ខ្មែរ។ ពួក​គេ​ប្រហែល​ជា​យល់​ច្រឡំ​ពី​ភាព​អត់ធ្មត់​ខ្ពស់​របស់​ខ្មែរ​ថា​ជា​ការ​ប្រកាន់​យក​នូវ​ភាព​ស្ងប់ស្ងាត់​ដែល​ជា​សញ្ញាណ​នៃ​ការ​មិន​ផ្លាស់ប្ដូរ ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា​ទៅ​វិញ។ ដោយ​ពិត​ទៅ ខ្មែរ​ជា​ជាតិ​ដែល​ប្រកប​ដោយ​ការ​អត់ធ្មត់​ខ្ពស់ ស្រឡាញ់​នូវ​សន្តិភាព មាន​ចិត្ត​ប្រកប​ដោយ​មេត្តា​ករុណា។ ការ​យល់​ឃើញ​ថា ខ្មែរ​មិន​ផ្លាស់ប្ដូរ ហើយ​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា​នេះ ជា​ការ​ក្រឡេក​មើល​ត្រឹម​តែ​ជ្រុង​ម្ខាង​ណា​មួយ ដែល​ប្រាសចាក​ការ​វិភាគ​ថ្លឹងថ្លែង​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ។ ការ​ក្រឡេក​មើល​តែ​មួយ​ជ្រុង​បែប​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បារាំងសែស​យល់​ច្រឡំ​ពី​ភាព​អត់ធ្មត់​របស់​ខ្មែរ ដែល​ជា​គោល​គ្រឹះ​មួយ​នៃ​ភាព​ជោគជ័យ​និង​ការ​អភិវឌ្ឍ​របស់​ខ្មែរ ទៅ​នឹង​ការ​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា។

ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​បារាំងសែស​ថា ខ្មែរ​មិនមែន​ជា​ជាតិ​ដែល​គ្មាន​ការ​ផ្លាស់ប្ដូរ ហើយ​ដេក​ចាំ​ភ័ព្វ​ព្រេងវាសនា​នោះ​ទេ។ ខ្មែរ​ជា​ជាតិ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​និង​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​ដឹកនាំ ការពារ និង​កសាង​ជាតិ​របស់​ខ្លួន​គ្រប់​កាល​វិវត្ត​នៃ​សម័យកាល។ ខ្មែរ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​កែប្រែ​ជាតិ​ខ្លួន​ឲ្យ​ទទួល​បាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​ការ​វិវត្ត​នៃ​របត់​សង្គម។ ម៉្យាង​ទៀត ចរិត​ឬ​សញ្ញាណ​នៃ​ការ​អត់ធ្មត់​ខ្ពស់​របស់​ខ្មែរ​ជា​គោល​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ខ្មែរ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ សមិទ្ធផល និង​ការ​អភិវឌ្ឍ​ដ៏​ត្រចះត្រចង់។ ដូចនេះ ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ត្រូវ​ចូល​រួម​សិក្សា និង​បណ្ដុះ​នូវ​ស្មារតី​ថែរក្សា​ការពារ​ប្រវត្តិសាស្ត្រ​ជាតិ ដែល​ជា​គោល​ចារឹក​ដ៏​សំខាន់​សម្រាប់​ជាតិ​យើង។ យើង​ត្រូវ​ចូល​រួម​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជាតិ​យើង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​លើក​ឡើង​នានា​ដែល​ពុំ​ស្រប​នឹង​ប្រវត្តិសាស្ត្រ​ពិត​របស់​ជាតិ​យើង។

ឯកសារយោង

- សម្ដេច​ព្រះសង្ឃរាជ ជួន ណាត. (១៩៦៧). វចនានុក្រម​ខ្មែរ ភាគ១-២ (បោះពុម្ពលើកទី៥). ភ្នំពេញ: វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ
- ដេវិឌ ឆាណ្ឌល័រ. (២០០១). ប្រវត្តិសាស្ត្រ​ខ្មែរ (បោះពុម្ពលើកទី២). ភ្នំពេញ: មជ្ឈមណ្ឌល​ខេមរសិក្សា
- ទាវ ឆៃហុក. (១៩៧១). វប្បធម៌-អរិយធម៌​ខ្មែរ-ឥណ្ឌា (បោះពុម្ពលើកទី១). ភ្នំពេញ
- ត្រឹង ងារ. (២០០៨). អរិយធម៌​ខ្មែរ. ភ្នំពេញ: បណ្ណាគារ​អង្គរ
- ហ្វង់ស្វ័រ ប៉ុងសូដ៍. (២០០៧). ប្រវត្តិសាស្ត្រ​សង្ខេប​នៃ​ប្រទេស​កម្ពុជា. ភ្នំពេញ

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents