សួស្ដី! ពេលនេះ កំពុងនៅ Café Amazon សាខាផ្លូវព្រះនរោត្តម ក្បែរសាកលវិទ្យាល័យបញ្ញាសាស្ដ្រ។ (បន្តទៀត! មុននេះ រវល់ទាញយកសៀវភៅពីគេហទ...
(បន្តទៀត! មុននេះ រវល់ទាញយកសៀវភៅពីគេហទំព័រ៥០០០ឆ្នាំ។)
ល្ងាចមិញ ពេលរៀបចំចេញពីបណ្ណាល័យ ខ្ញុំបានឆ្លៀតសួរបញ្ជាក់បណ្ណារក្សថា តើបណ្ណាល័យនៅបន្តបើកទៀតឬអត់នៅថ្ងៃសុក្រ? ខ្ញុំក៏បានដឹងតាមរយៈសេចក្ដីជូនដំណឹងរបស់សាលាដែរថា ថ្ងៃឈប់សម្រាកនឹងចាប់ផ្ដើមពីថ្ងៃសៅរ៍រហូតដល់ថ្ងៃចន្ទ តែខ្ញុំសួរនេះគ្រាន់តែឲ្យបានប្រាកដក្នុងចិត្តប៉ុណ្ណោះ។ ខ្ញុំនៅតែចងចាំទិដ្ឋភាពដែលខ្ញុំនៅសំកុកក្នុងបណ្ណាល័យរហូតដល់អស់មនុស្ស ទាំងដែលសិស្សភាគច្រើនគេសម្រុកចាកចេញពីទីក្រុង ត្រឡប់ទៅស្រុកកំណើត ព្រោះជាពេលវេលានៃការឈប់សម្រាកជាច្រើនថ្ងៃ។ សិស្សភាគច្រើនមិនមកសាលាទេនៅមុនថ្ងៃឈប់សម្រាក ដើម្បីយកពេលនោះធ្វើជាថ្ងៃឈប់សម្រាកឲ្យបានកាន់តែយូរថែមទៀត។ ខ្ញុំយកពេលដែលគ្រូមិនបង្រៀន ព្រោះគ្មានសិស្សមករៀន មកសំងំក្នុងបណ្ណាល័យដើម្បីធ្វើកិច្ចការផ្សេងៗ។ អ៊ីចឹងហើយ ទើបមានបងស្រីបណ្ណារក្សម្នាក់ដែលតែងតែចំអកឲ្យខ្ញុំ គាត់តែងតែនិយាយផ្លែផ្កាដាក់ឲ្យខ្ញុំ ក្នុងន័យលេងសើចនឹងខ្ញុំ ព្រោះខ្ញុំស្មោះស្ម័គ្រនឹងបណ្ណាល័យពេក។
ព្រឹកមិញ ខ្ញុំទៅអង្គុយសំកុកនៅបណ្ណាល័យអស់មួយព្រឹក។ មុនពេលចាកចេញពីផ្ទះទៅ ខ្ញុំគិតទុកក្នុងចិត្តហើយថា ប្រាកដជាគ្មានសិស្សទៅសាលាទេ។ ទៅដល់សាលា ខ្ញុំឃើញមានម៉ូតូសិស្សខ្លះដែរ តែពេលចូលដល់បណ្ណាល័យមានសិស្សតែ៤នាក់គត់។ ស្ងប់ស្ងាត់ណាស់! ស្រដៀងគ្នានឹងពេលមុនដែរ។ បណ្ណារក្សនិយាយគ្នាសើចក្អាកក្អាយ ព្រោះប្រហែលជាអស់សំណើចនឹងអ្នកស្មោះស្ម័គ្រនឹងបណ្ណាល័យប៉ុន្មាននាក់ហ្នឹងហើយ។ ខ្ញុំអង្គុយជិតមួយម៉ោង ទើបឃើញសិស្សមួយក្រុមមានគ្នាប្រហែល៥-៦នាក់ចូលមកធ្វើកិច្ចការក្រុម។ ម៉ោងដប់កន្លះ គេក៏ចាប់ផ្ដើមរំសាយក្រុមត្រឡប់ទៅផ្ទះ។ ឯខ្ញុំឯណេះវិញ ក៏ត្រូវត្រឡប់ទៅផ្ទះរកបាយទឹកដែរ។ ខ្ញុំទៅដល់ផ្ទះចម្អែតក្រពះស្រេចបាច់ អង្គុយលេងបន្តិច រួចខ្ញុំក៏ទាញសេះសរបស់ខ្ញុំជិះក្នុងបំណងត្រឡប់ទៅសាលាវិញ។
ព្រះអើយ! បក្សស្អីគេហ្នឹង? អូ! បក្សហ្នឹងទេតើ! ចំមែនហើយ! បិទផ្លូវមិនឲ្យគេឆ្លង ដើម្បីហែបក្ស។ អស្ចារ្យណាស់តើ! ផ្លូវខាងណេះស្ទះពេញ។ ក្រុមគេហ្នឹងពិតជាឆ្លាតមែន សូមសរសើរតែម្ដងហើយ! អ្នកចូលរួមរបស់គេមានច្រើនគួរសម ហើយស្ទះក៏ខ្លាំងគួរសមដែរ។ ខ្ញុំពន្លត់ម៉ូតូឈប់ ហើយចេះតែគិតថា ហេតុអ្វីមនុស្សយើងចេះតែគិតពីខ្លួនឯង ហើយមើលរំលងអ្នកដទៃបែបនេះ? គ្មានអ្នកណាឃាត់ទេរឿងហែបក្សហ្នឹង តែគួរចាត់ចែងសម្រួលចរាចរឲ្យបានល្អផង។ នេះមិនមែនជួយសម្រួលចរាចរទេ តែគឺបិទផ្លូវដើម្បីហែបក្សតែម្ដង។ ហើយចាំបាច់បិទផ្លូវបែបហ្នឹងធ្វើអី? ម៉េចមិនសម្រួលឲ្យធ្វើដំណើរទៅមកបណ្ដោះៗខ្លះម្ដងមួយផ្លូវទៅ? ចង់ទៅអីតែឯងបែបហ្នឹង ម៉េចមិនគិតពីគេផងទៅ? ខ្ញុំមិនចង់វាយតម្លៃអ្វីមួយដោយការមើលឃើញតែមួយជ្រុងនោះទេ តែគិតៗទៅបើបក្សអស់លោកបានកាន់អំណាច អស់លោកប្រហែលគិតតែធ្វើតាមទំនើងចិត្តគ្មានគិតដល់នរណាទេ។ ខ្ញុំកាន់តែគិត ខ្ញុំកាន់តែខ្លាច គឺខ្លាចថ្ងៃណាមួយជាតិមួយនេះត្រូវធ្លាក់ក្នុងកណ្ដាប់ដៃនៃជនមួយក្រុមដែលចេះជ្រុលនោះឯង។ និយាយពីរឿងបក្ស ព្រឹកមិញនៅក្បែរផ្ទះខ្ញុំក៏មានគេរៀបចំហែបក្សដែរ។ គេជួបជុំគ្នាតាំងពីម៉ោង៤កន្លះព្រឹក។ លើកមុនៗឮថា អ្នកចូលរួមហែបក្សនោះត្រូវបានប្រាក់កម្រៃទៀតផង។ ខ្ញុំឮល្ហៀងៗតាមមិត្តខ្ញុំថា បក្សហ្នឹងហែម្ដងៗចំណាយអស់ច្រើនណាស់ ព្រោះត្រូវជួលមនុស្សឲ្យទៅហែ។ អឺ! បើជ្រុលនិយាយពីបក្សអ៊ីចឹងទៅហើយ និយាយបន្តពីបក្សបន្តទៀតចុះ។ ខ្ញុំចេះតែនឹងឆ្ងល់ពីរឿងបក្ស ព្រោះពេលជិតបោះឆ្នោតម្ដងៗឃើញមានបក្សច្រើនណាស់ ដូចជាអាណត្តិនេះអ៊ីចឹង បក្សនយោបាយមានដល់ទៅ២០បក្ស។ តែខ្ញុំឆ្ងល់ថា ម៉េចក៏ក្រោយពេលបោះឆ្នោតបក្សរាប់ផ្លូនអស់ហ្នឹងរលាយបាត់គ្មានសកម្មភាពអ្វីសោះអ៊ីចឹង ឃើញមុខតែពេលជិតបោះឆ្នោតបន្តិចប៉ុណ្ណឹង។ ស្រុកខ្ញុំអីក៏ចម្លែកអ្វីម្ល៉េះ?
ហាស! ហាស! វែងឆ្ងាយពេលហើយ។ ផ្អាករឿងបក្សប៉ុណ្ណឹងសិនចុះ។ និយាយពីរឿងទៅសាលាបន្តទៀត។ ខ្ញុំចាំរហូតគេបើកផ្លូវឲ្យ គិតទៅចាំយូរដែរហ្នឹង។ ខ្ញុំប្រញាប់ផាយសេះសរបស់ខ្ញុំតម្រង់ទៅសាលា។ ជិះដល់ជិតសាលាបម្រុងនឹងបត់ចូលសាលាទៅហើយ ស្រាប់តែ...។ ហាស! ហាស! សាលាបិទទ្វារបាត់។ ស្រេចហើយខ្ញុំ! ដំបូង គិតចង់ទៅ Café Amazon ដែលនៅជិតផ្ទះ តែខ្លាចស្ទះក៏សម្រេចចិត្តចូលទីនេះទៅ។ ពូសន្តិសុខសួរខ្ញុំថា ហើយចុះម៉េចជិះហួសអ៊ីចឹង? ខ្ញុំសើចបន្តិច រួចតបនឹងគាត់ថា ខ្ញុំចង់ចូលសាខាមួយទៀត តែខ្លាចស្ទះ ហើយក៏ជិះក្រឡឹងមួយជុំមកទីនេះវិញទៅ។
បញ្ចប់ត្រឹមហ្នឹងហើយ មិនដឹងត្រូវនិយាយពីអ្វីទៀតនោះទេ។ ល្ងាចបន្តិចទៀត ទៅដើរលេងនៅមាត់ទន្លេ បើមានរឿងអ្វីដែលចង់និយាយចាំជួបគ្នាម្ដងទៀត។ សំណាងល្អណា!
COMMENTS