អរុណសួស្ដី! រីករាយខែថ្មី ខែសីហា! ព្រឹកនេះ មិនខុសពីសព្វដងទេ គឺកំពុងអង្គុយសំកុកក្នុងបណ្ណាល័យ។ មើលទៅដូចជាមានសិស្សច្រើនណាស់...
រីករាយខែថ្មី ខែសីហា! ព្រឹកនេះ មិនខុសពីសព្វដងទេ គឺកំពុងអង្គុយសំកុកក្នុងបណ្ណាល័យ។ មើលទៅដូចជាមានសិស្សច្រើនណាស់តើព្រឹកនេះ គឺថាមិនច្រើនអីណាស់ណានោះទេ តែគ្រាន់តែច្រើនជាងសព្វដងបន្តិច។ អូ! ប្រហែលពួកគេត្រូវរវល់មកធ្វើកិច្ចការដែលគ្រូដាក់ឲ្យហើយ ព្រោះថា វគ្គដែលកំពុងរៀនក្នុងពេលនេះនឹងត្រូវបញ្ចប់ឆាប់ៗនេះហើយ។ ពួកគេនឹងបញ្ចប់តែវគ្គនេះទេ តែខ្ញុំវិញ ក្រោយពីបញ្ចប់វគ្គនេះគឺចប់អស់ហើយ។ គិតទៅ ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ភ្លេចៗខ្លួនខ្ញុំបញ្ចប់បរិញ្ញាបត្រទៅហើយ។
ល្ងាចមិញ ខ្ញុំចង់សរសេរអ្វីខ្លះៗដែលបានប្រព្រឹត្តិទៅក្នុងខែកក្កដា តែខ្ញុំហាក់គ្មានអារម្មណ៍សរសេរអ្វីបន្តិចសោះ។ ពេលនេះ ខ្ញុំក៏នៅតែមានអារម្មណ៍សរសេរដដែល។ វាដូចជាមានភាពខ្វល់ខ្វាយអ្វីម្យ៉ាងដែលទាញយកអារម្មណ៍របស់ខ្ញុំទៅបាត់អ៊ីចឹង។
ខែមុននេះជាខែដែលខ្ញុំផ្លាស់ប្ដូរការគិតពីរឿងមួយទៅរឿងមួយ។ ខ្ញុំបានឈប់អនុវត្តគម្រោងការចាស់នៅសប្ដាហ៍ទី២ ហើយប្ដូរមកអនុវត្តគម្រោងការថ្មីវិញជាមួយភាពមិនប្រាកដប្រជាខ្លះៗ។ ខែកក្កដានេះ ខ្ញុំចំណាយពេលច្រើនដើម្បីដើរកម្សាន្ត គឺរៀងរាល់ល្ងាចថ្ងៃសុក្រតែម្ដង។ នៅថ្ងៃសុក្រសប្ដាហ៍មុន ខ្ញុំបានដើរកម្សាន្តលេងនៅមាត់ទន្លេ ក្បែរព្រះបរមរាជវាំង។ ថ្ងៃនោះជាថ្ងៃសីល ត្រូវជាថ្ងៃអាសាឡ្ហបូជា។ ខ្ញុំហាក់បានទទួលអ្វីពិសេសម្យ៉ាងពីក្នុងជីវិតនេះ។ ខ្ញុំបានរកឃើញនូវចម្លើយជាច្រើនដែលជាមន្ទិលស្ថិតក្នុងចិត្តខ្ញុំជាយូរមកហើយ។ វាជាចម្លើយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំគិតថាថ្ងៃនោះជាថ្ងៃដែលខ្ញុំបានសន្ទនាជាមួយខ្លួនខ្ញុំយ៉ាងច្រើន។ អារម្មណ៍ល្អៗស្រដៀងគ្នានេះធ្លាប់កើតមានឡើងក្នុងជីវិតរបស់ខ្ញុំញឹកញាប់ដែរ តែសភាពបែបនេះមិនឋិតនៅជាមួយខ្ញុំយូរឡើយ។ វាប្រៀបដូចជាពេលនេះអ៊ីចឹង គឺថា អារម្មណ៍ខ្ញុំកំពុងលាយឡំដោយមន្ទិល រកនិយាយមិនត្រូវសោះ។ គឺវាខុស ខុសស្រឡះពីអារម្មណ៍នៅពេលល្ងាចថ្ងៃនោះ។ អ្នកអាចនឹងធ្លាប់ជួបនូវបទពិសោធន៍ដូចខ្ញុំដែរ។ ពេលខ្លះអ្នកអាចនឹងយល់ថា ជីវិតនេះប្រែប្រួលមិនឈប់សោះ ម្ដងឡើងម្ដងចុះ ម្ដងសប្បាយម្ដងកើតទុក្ខ យាងនេះជាដើម។ មែនហើយ ជីវិតនេះគឺបែបហ្នឹង គ្មានអ្វីទៀតទាត់នោះទេ។ ព្រោះតែភាពមិនទៀងទាត់នេះហើយ ទើបបានជាពេលខ្លះខ្ញុំចង់រត់ចេញពីជីវិតនេះ។ ខ្ញុំឈ្លោះនឹងខ្លួនឯង ហើយបង្ខំខ្លួនឯឲ្យសម្រេចចិត្តថា គួរ «កោរ» ឬ គួរ «កាត់»។ អ្នកប្រហែលជាមិនយល់ពីអ្វីដែលខ្ញុំចង់និយាយនោះទេ។ តែមិនអីនោះទេ ខ្ញុំគ្រាន់តែនិយាយឲ្យបានធូរចិត្តប៉ុណ្ណោះ។
ខ្ញុំគិតថា ខ្ញុំនឹងបញ្ចប់អត្ថបទនេះត្រឹមហ្នឹងហើយ។ នៅមានរឿងច្រើនទៀតដែលចង់និយាយ ដូចជារឿងបោះឆ្នោតជាតិដែលទើបតែបញ្ចប់ទៅនៅចុងសប្ដាហ៍កន្លងទៅនេះជាដើម។ តែណ្ហើយ! បញ្ចប់ត្រឹមនេះចុះ អ្នកទាំងអស់គ្នាក៏បានដឹងហើយថា ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយបែបណានោះ។
ខែថ្មី... សូមឲ្យសំណាងល្អណា!!!
COMMENTS