ភាវេតព្វកិច្ចប្បញ្ញ (ស្រង់ពីសៀវភៅ ប្រស្នាគិហិប្រតិបត្តិពិស្ដារ ) ឧបាសក ឧបាសិកា បានទទួលសមាទានឧបោសថសីលក្នុងថ្ងៃឧបោសថសីលនោះរួចហើយ ប...
ភាវេតព្វកិច្ចប្បញ្ញ
ឧបាសក ឧបាសិកា បានទទួលសមាទានឧបោសថសីលក្នុងថ្ងៃឧបោសថសីលនោះរួចហើយ បើចង់ឲ្យបានផលានិសង្សច្រើនក្នុងថ្ងៃនោះយប់នោះ ត្រូវសង្រួមកាយវាចាឲ្យបានសមគួររៀបរយតាមពុទ្ធានុញ្ញាតទុកមក ។
ឯការដែលសង្រួមកាយឲ្យបានសមគួរនោះ គឺត្រូវលះបង់នូវការងារទាំងឡាយមានភ្ជួរស្រែ កាប់ចំការជាដើម ដែលជាការសៅហ្មងដល់ព្រហ្មចរិយសីលដែលខ្លួនបានទទួលសមាទានហើយក្នុងថ្ងៃនោះ យប់នោះ, សង្រួមវាចាឲ្យបានសមគួរនោះគឺត្រូវលះបង់នូវតិរច្ឆានកថាទាំង ៣២ យ៉ាង មាននិយាយបាយ ឬស្រូវអង្ករថាអាក្រក់ ល្អ អំពីទឹកឬអំពីដីថាក្នុងទីនេះ ទីនោះមានទឹកថ្លាទឹកល្អក់ ដីល្អ ដីអាក្រក់ អំពីគ្រឿងស្លៀកពាក់ថាល្អ ថាអាក្រក់ អំពីញាតិរបស់ខ្លួនថាល្អ ថាចម្រើនដោយសេចក្ដីសុខ អំពីរូបស្ត្រីប្រុសថាអាក្រក់ ថាល្អ ជាដើម ហើយគួរប្រកបដោយពាក្យពោលជាទីសប្បាយ ១០ ប្រការ មានពោលអំពីសីល ៥ សីល ៨ និងអានិសង្សសីល ៥ សីល ៨ អំពីសមាធិកម្មដ្ឋានទាំង ៤០ អំពីវិបស្សនាបញ្ញាជាដើម ។
បើបានសង្រួមកាយវាចាសមគួរហើយ ក្នុងថ្ងៃនោះយប់នោះ ត្រូវស្ដាប់ធម៌ទេសនា ឬធ្វើនូវធម្មសាកច្ឆា គឺសាកសួរអំពីធម៌ បើមិនបានស្ដាប់ធម៌នោះទេ ត្រូវសង្រួមចិត្តតាំងចំរើននូវកម្មដ្ឋានក្នុងសមថកម្មដ្ឋាន ៤០ ប្រការត្រង់កម្មដ្ឋានណាមួយក៏បាន ។ ឯកម្មដ្ឋាន ៤០ នោះមានសេចក្ដីពិស្ដារនៅក្នុងគម្ពីរវិសុទ្ធមគ្គបាលី ឬសំរាយត្រង់សមាធិនិទ្ទេសជានិទ្ទេសទី ២, ក្នុងទីនេះ មិនបានសម្ដែងអំពីកម្មដ្ឋានទាំងនោះដោយសព្វគ្រប់ទេ គ្រាន់តែប្រាប់របៀបនិងធម៌ដែលត្រូវចំរើននោះប៉ុណ្ណោះ ។ ព្រោះពុទ្ធភាសិតសំដែងថា ៖ អ្នកដែលចំរើននូវកម្មដ្ឋានទាំង ៤០ ប្រការត្រង់កម្មដ្ឋានណាមួយក្ដីនោះ ត្រូវចំរើនមូលកម្មដ្ឋាន គឺពុទ្ធានុស្សតិកម្មដ្ឋានជាមុនសិន ហើយទើបឲ្យចំរើនកម្មដ្ឋានឯទៀតៗ តទៅតាមគួរដល់អធ្យាស្រ័យ ។
COMMENTS